
នាព្រឹកថ្ងៃអង្គារ ៣រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «សីលធម៌ ឥរិយាបថក្នុងការបើកបរបម្រើសេវាដឹកជញ្ជូន សាធារណៈតាមរថយន្តក្រុង និងបច្ចេកទេសសុវត្ថិភាពក្នុងករណីរថយន្តក្រុងជួបឧបទ្ទវហេតុ» ក្រោមអធិបតីភាព លោក កែវ ចាន់ណារិទ្ធ អភិបាលរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ។
ក្នុងឱកាសនោះ លោកអភិបាលបានណែនាំដល់បុគ្គលិកបើកបរ ទាំងអស់ឱ្យយកចិត្តទុកដាក់លើការអនុវត្តការងារ និងបន្តពង្រឹងគុណភាពសេវាដឹក ជញ្ជូនសាធារណៈ ដោយផ្តោតលើចំណុចសំខាន់ៗដូចខាងក្រោម៖
១. ការបម្រើសេវាដឹកជញ្ជូនសាធារណៈ
បុគ្គលិកបើកបរទាំងអស់ត្រូវបម្រើសេវាដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋឱ្យបានល្អ ដោយប្រកាន់ខ្ជាប់នូវក្រមសីលធម៌ វិន័យ និងឥរិយាបថសមរម្យក្នុងការបើកបរ ព្រមទាំងគោរពច្បាប់ចរាចរណ៍ផ្លូវគោក។ ត្រូវចូលចំណតរថយន្តក្រុងតាមការកំណត់ឱ្យបានត្រឹមត្រូវ និងផ្តល់បដិសណ្ឋារកិច្ចល្អដល់អ្នកដំណើរ ដើម្បីធានាការផ្តល់សេវាដឹកជញ្ជូនប្រចាំថ្ងៃក្នុងរាជធានីភ្នំពេញឱ្យមានប្រសិទ្ធភាព និងបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ។
២.ការពង្រឹងសុវត្ថិភាព និងការត្រៀមខ្លួនក្នុងការបម្រើសេវា
បុគ្គលិកបើកបរទាំងអស់ត្រូវត្រៀមលក្ខណៈឱ្យបានរួចរាល់ទាំងកម្លាំងកាយ កម្លាំងចិត្ត និងជំនាញបច្ចេកទេសបើកបរ ព្រមទាំងគោរពច្បាប់ចរាចរណ៍ ប្រកាន់ខ្ជាប់នូវក្រមសីលធម៌ និងវិន័យការងារ។ ជាពិសេស ត្រូវបម្រើសេវាដោយមិនយកប្រាក់ពីអ្នកដំណើរ ដើម្បីធានាការដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋប្រកបដោយសុវត្ថិភាព ផាសុកភាព និងទំនុកចិត្ត ក្នុងឱកាសអបអរសាទរពិធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ «ជិះដោយមិនបង់ប្រាក់» រយៈពេល ០៥ថ្ងៃ ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ ខាងមុខនេះ។
វគ្គបណ្តុះបណ្តាលនេះមានគោលបំណងលើកកម្ពស់សមត្ថភាព ជំនាញបច្ចេកទេស និងស្មារតីទទួលខុសត្រូវរបស់បុគ្គលិកបើកបរ ព្រមទាំងពង្រឹងការយកចិត្តទុកដាក់លើសុវត្ថិភាពអ្នកដំណើរ ដើម្បីផ្តល់សេវាដឹកជញ្ជូនសាធារណៈប្រកបដោយគុណភាព ប្រសិទ្ធភាព និងសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ។




